Shortcut to Content

Mission/KCS (Kompongsom Christian S.)

ប្រវត្តិសង្ខេបសាលាគ្រីស្ទានកំពង់សោម(KCS)

반응형

 

 

 

សាលាគ្រីស្ទានកំពង់សោម (KCS) គឺជាសាលាដែលផ្តល់នូវចំណេះដឹងទូទៅដល់សិស្សានុសិស្ស មិនតែប៉ុណ្ណោះសាលាក៏បានផ្តល់នូវចំណេះដឹងផ្នែកព្រលឹងវិញ្ញាណអំពីដំណឹងល្អថែមទៀត។សាលានេះចាប់ផ្តើមកកើតឡើងនៅអំឡុងដើមឆ្នាំ២០០៧ បន្ទាប់ពីលោកគ្រូ ប៊ុត តុងអាន ជានាយកប្រតិបត្តិសាលា បានបញ្ចប់ការសិក្សានិងទទួលសញ្ញាបត្រពីសាលាព្រះគម្ពីរកំពង់សោមនាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០០៧ ហើយក៏ជាអ្នកបំរើការក្នុងព័ន្ធកិច្ចកុមារមុនដំបូងគេនៅក្នុងសាលាគ្រីស្ទាននេះផងដែរ។

ដំបូងឡើយសាលានេះមានលក្ខណៈជាទ្រង់ទ្រាយតូចប៉ុណ្ណោះក៏ពុំទាន់មានកម្មវិធីសិក្សាច្បាស់លាស់នៅឡើយដែរ។ សាលាយើងបង្រៀនជាលក្ខណៈកម្មវិធីសិក្សាអប់រំក្រៅប្រព័ន្ធ និងមានចំនួន សិស្សសរុប ប្រមាណ២៥ ទៅ ៣០នាក់ប៉ុណ្ណោះ។ ពួកគេមកពីតំបន់ស្ពានឆេះ (អូរត្រេះ) ក្នុងក្រុងព្រះសីហនុ។ សិស្សទាំងនោះជាអ្នកខ្វះខាត ក្រីក្រ គ្មានទីពឹង មិនបានជម្រុញពីឪពុកម្តាយដើម្បីនិងទទួលបានការអប់រំ ហើយក៏គ្មានផ្ទះសម្បែងសមរម្យស្នាក់នៅ បន្ទាប់ពីអ្នកភូមិនោះត្រូវបានបណ្តេញចេញ និងដុតបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ដែលរស់នៅលើ ដីកម្មសិទ្ធិអ្នកដ៏ទៃអស់ជាច្រើនឆ្នាំមកហើយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៧ត្រូវដេញពីតំបន់នោះ។ (សូមបញ្ជាក់ផងដែរថាមុនសាលាគ្រីស្ទានកំពង់សោមចាប់ផ្តើមដំណើរការ លោកនាយកសាលាព្រះគម្ពីរ កំពង់សោម(KBS)តែងតែជួយឧបត្ថមដល់ប្រជាជននៅទីនោះដែលស្ថិតក្នុងគ្រាលំបាកមានដូចជា អង្ករ មី​ត្រីខកំប៉ុង និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត...)។ បន្ទាប់មកយើងបានប្តូរគោលដៅដើម្បីជួយ ដល់ក្មេងៗតាមរយៈផ្តល់ការអប់រំ។ ពេលនោះហើយសាលាបានចាប់ផ្តើមដំណើរការដោយដឹកសិស្ស តាមរថយន្តដែលខ្ញុំជាអ្នកបើកបរផងនិងជាគ្រូបង្រៀនផង។ ខ្ញុំចងចាំជានិច្ចពេលដែលសិស្សឡើង ឡាន១,៥តោន អាចដឹកបានរហូតដល់៣០ទៅ៤០ជាងនាក់ឯណោះ។ យើងសង្កេតឃើញថា ជារៀងរាល់ ឆ្នាំកំណើនសិស្សកាន់តែកើនឡើងបន្តិចម្តងៗមកពីទីតាំងផ្សេងៗក្នុងក្រុង និងមានការជួយជ្រំជ្រែង និងទំនុកបំរុងពីលោកនាយក ម៉ូសេ ហាន  ក៏ដូចជាសកម្មភាពមនុស្សធម៌របស់បេសកជនដ៏ទៃទៀត ដែលនៅក្រៅប្រទេស។ សាលាយើងបានផ្តល់ការសិក្សាដល់សិស្សានុសិស្សទាំងអស់ដោយឥតគិតថ្លៃ ថែមទាំងមានការផ្តល់ជូននូវអាហារថ្ងៃត្រង់ ឯកសណ្ឋានសាលា កាតាប បិច ខ្មៅដៃ និងសម្ភារៈសិក្សាផ្សេងទៀត។ ​ជាពិសេសជាងនោះទៀត គឺសាលាបានផ្តល់សេវាដឹកជញ្ជូនសិស្សដោយ ឥតគិតថ្លៃក្នុងពេលនោះ។ មកទល់ឆ្នាំ២០១១ កំណើនសិស្សកាន់តែកើនឡើង សាលាបានពង្រីកនូវ ផែនការផ្សេងៗទៀត រួមទាំងកម្មវិធីសិក្សានិងមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។ សាលាបានប្តូរឡានធំ២,៥តោនដែលអាចដាក់សិស្សរហូតដល់ប្រមាណ៧០នាក់ ព្រោះចំនួនកើនច្រើន។ ដោយមានសំណូមពរ និងដើម្បីឆ្លើយតបទៅនិងមតិរបស់អាណាព្យាបាលដែលសូមឲ្យសិស្សរៀនចប់ពី សាលានេះបានទៅរៀនបន្តនៅសាលារដ្ឋ(វិទ្យាល័យ) និងមានការទទួលស្គាល់ដោយមន្ទីរអប់រំ ក៏ដូចជា តម្រូវការចាំបាច់ក្នុងការសិក្សា ពិសេសកុមារស្ថិតក្នុងគ្រួសារក្រីក្រ និងចូលរួមកាត់បន្ថយភាពក្រីក្រ ក្នុងការរួមចំណែកអភិវឌ្ឍន៏វិស័យអប់រំឲ្យសមស្របទៅនិងការរីកចំរើនរបស់ពិភពលោកក៏ដូចជានៅក្នុងតំបន់ និងផ្តល់ឱកាសឲ្យមនុស្សគ្រប់រូបបានរៀនដើម្បីរួមចំណែកអភិវឌ្ឍន៏ធនធានមនុស្ស។ សាលា គ្រីស្ទានកំពង់សោមបានរៀបចំគម្រោងនិងកសាងអគារដើម្បីដំណើរការឲ្យមានស្តង់ដា ជាពិសេសផ្តល់ នូវផាសុខភាពដល់សិស្សានុសិស្សដែលសិក្សារៀនសូត្រនៅទីនេះ។ ម៉្យាងទៀត ដើម្បីឱ្យមានគុណភាព អប់រំសាលាបានសម្រិតសម្រាំងជ្រើសរើសយកកម្មវិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីសិក្សាថ្នាក់អន្តរជាតិ រួមទាំងជ្រើសរើសគ្រូដែលមានក្រមសីលធម៌ និងវិជ្ជាជីវល្អៗ ដើម្បីបង្រៀនក៏ដូចជាការផ្ទេរចំណេះដឹង ដល់សិស្សានុសិស្សអោយកាន់តែមានប្រសិទ្ធភាព និងផ្តល់នូវការអប់រំផ្នែកព្រលឹងវិញ្ញាណអំពីព្រះបន្ទូល ដល់ក្មេងៗសំរាប់ជីវិតអនាគតរបស់ពួកគេ (Prov 22:6)។ បច្ចុប្បន្ន សាលាបានប្តូរគោលការណ៍ ដោយតម្រូវឱ្យសិស្សបង់ប្រាក់ខ្លះដើម្បីសម្រួលដល់ការចំណាយ។

សព្វថ្ងៃនេះសាលាគ្រីស្ទានកំពង់សោម(KCS) មានសិស្សបឋមសិក្សាសរុប ១២៣នាក់ ក្នុងនោះ មានស្រី៦០នាក់ និងសិស្សមត្តេយ្យសិក្សាសរុប ៤២នាក់ ស្រី ១៥នាក់ រួមទាំងបុគ្គលិកសរុប ១៩នាក់ ស្រី០៧នាក់ គិតត្រឹមខែកុម្ភៈឆ្នាំសិក្សា២០២០-២០២១ ដែលចែកជាពីរផ្នែក៖

 

១. បឋមសិក្សាថ្នាក់ចំណេះទូទៅជាតិមាន៦ថ្នាក់៖

ក. ថ្នាក់ទី១ មាន១ថ្នាក់៖ សិស្សសរុប ២៤នាក់ ស្រី ១៥នាក់

ខ. ថ្នាក់ទី២ មាន១ថ្នាក់៖ សិស្សសរុប ១៧នាក់ ស្រី ០៦នាក់

គ. ថ្នាក់ទី៣ មាន១ថ្នាក់៖ សិស្សសរុប ២០នាក់ ស្រី ១២នាក់

ឃ. ថ្នាក់ទី៤ មាន១ថ្នាក់៖ សិស្សសរុប ១៣នាក់ ស្រី ០៥នាក់

ង. ថ្នាក់ទី៥ មាន១ថ្នាក់៖ សិស្សសរុប ១០នាក់ ស្រី ០៥នាក់

ច. ថ្នាក់ទី៦ មាន១ថ្នាក់៖ សិស្សសរុប ០៧នាក់ ស្រី ០៣នាក់

 

២. មតេ្តយ្យសិក្សា និងបឋមសិក្សាថ្នាក់អន្តរជាតិ

ក. ថ្នាក់មតេ្តយ្យចម្រុះ មាន១ថ្នាក់៖ សិស្សសរុប ១៨នាក់ ស្រី ០៥នាក់

ខ. ថ្នាក់មតេ្តយ្យកម្រិតខ្ពស់ ១ថ្នាក់៖ សិស្សសរុប ២៤នាក់ ស្រី ១០នាក់

គ. ថ្នាក់ទី១ មាន១ថ្នាក់៖ សិស្សសរុប ០៦នាក់ ស្រី ០៣នាក់(សិស្សខ្លះរៀន២វេណ)

ឃ. ថ្នាក់ទី២ មាន១ថ្នាក់៖ សិស្សសរុប ១៣នាក់ ស្រី ០៥នាក់

ង. ថ្នាក់ទី៥ មាន១ថ្នាក់៖ សិស្សសរុប ១៣នាក់ ស្រី ០៦នាក់

 

*សំគាល់សិស្សទាំងអស់សរុបរួម ១៦៥នាក់ ស្រី៧៥នាក់(មិនរាប់បញ្ចូលសិស្សក្រៅម៉ោង) ចំនួនសិស្ស

ហាក់មានការធ្លាក់ចុះបើធៀបនឹងឆ្នាំមុនៗដែលមានចំនួនសិស្សប្រមាណ១៨៩នាក់ ដោយ កត្តាផ្លាស់ប្តូរទីលំនៅសិស្ស ឈ្នួលផ្ទះឡើងថ្លៃ និងចំណាកស្រុករបស់ជនជាតិចិននៅ ក្នុងក្រុង ព្រះសីហនុ។ សាលាគ្រីស្ទានកំពង់សោម(KCS)មានទីតាំងស្ថិតនៅក្នុងសាលាKBS ។ អាសយដ្ឋាន: ក្រុម១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

 

ថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥សាលាគ្រីស្ទាន, ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១

                                                                                                           សរសេរដោយលោកគ្រូ

                                                                                                                 ប៊ុត តុងអាន

 

'Mission > KCS (Kompongsom Christian S.)' 카테고리의 다른 글

Testimony of KCS students.  (0) 2021.09.03
Testimony of Thed  (0) 2021.08.03
[KCS] 2007 ~ 2009  (0) 2021.07.27
Testimony of Mey Lee  (0) 2021.07.26
The History of Kompongsom Christian School(KCS)  (0) 2021.06.25